Hope and Hope (in Khmer)

សេចក្តីសង្ឃឹមនៅតែមាន!

            លោកស្រី លី ពិសះ​មានអាយុ៣៥ឆ្នាំជាភរិយារបស់លោក ​រ៉ា បារាំង មានអាជីពជាអ្នករក ខ្លឹម​ច័ន្ទ និងលក់ដូរ បន្តិចបន្ទួចនៅផ្ទះ នៅភូមិដង្គាមក្តាម ឃុំឈើតុំ ស្រុកក្រគរ ស្ថិតនៅខាងត្បូង​ឈៀង​ខាងលិច​ចម្ងាយ៤០គីឡូ ម៉ែត្រ​ពីទីរួមខេត្ត​ពោធិ៏សាត់។

Hope and Hope

            បងស្រីពិសះមានមុខរបរជាអ្នកលក់ចាបហួយ បានរៀបការជាមួយស្វាមីនៅក្នុងឆ្នាំ១៩៩៥។​ មកដល់សព្វថ្ងៃនេះ គូសា្វមី ភរិយានេះមានកូន២នាក់ ។​ នៅក្នុងឆ្នាំ​២០០៣​បងស្រីបាន​ធ្លាក់ខ្លួនឈឺ ហើយបាន​ពិនិត្យ​ឈាម​ឃើញ​ថាមាន​ផ្ទុក​​មេរោគអេដស៏ ហើយជាអកុសលកូនទាំង២នេះបានឆ្លង​មេ​រោគអេដស៏​​ពីម្តាយនិងឪពុក។ ​បងស្រីលីពិសះជាអ្នកជម្ងឺម្នាក់ លាក់មុខមិនប្រាប់អ្នកណាសោះ​ឡើយ​។​ ទ្រព្យ​សម្បត្តិ​របស់​បង​ស្រីមានទាំងប៉ុន្មានដែលខិតខំ​ប្រឹង​ប្រែងកន្លងមក បានលក់ព្យាបាល​អស់​​​រលីង​ដែលការព្យាបាលនោះមិនពិតបា្រកដ​​​។ ក្រោយពីបានដឹងដំណឹងថា​​ គ្រួសារបងស្រីនិង​កូន​​ទាំង២​មានមេរោគអេដស៏​ បុគ្គលិកអង្គការ​បាន​រក​​វិធី​យ៉ាង​ណា​ដើម្បីចូលទៅផ្តល់​ប្រឹក្សា​ពីការ​ថែ​ទាំសុខ​ភាព និងផ្តល់ ព័ត៌មានយ៉ាងច្បាស់ពីសេវា​ថ្នាំ​​​ប្រ​ឆាំង​មេរោគ​អេដស៏ ជាលទ្ធ​ផល​ចុង​ក្រោយ​បង​ស្រី​បាន​យល់ព្រម ឲ្យបុគ្គលិកអង្គការ ចូលជួបនិងទទួល​ការ​​ប្រឹក្សា។ នៅឆ្នាំ២០០៦​បង​ស្រីនិង គ្រួសារបាន​ទៅ​​ទទួល​​សេវា​​ព្យាបាលផ្នែក​រោគឪកាសនិយម​និងថ្នាំប្រឆាំងមេ​រោគ​​អេដស៏​នៅមន្ទីរ​ពេទ្យ​​​​ខេត្ត​ពោធិ៏សាត់ ក្រោម​​ការគាំទ្រ​ថវិកាធ្វើដំណើរ​​ពីអង្គ​ការ​ភីស៊ី។

ក្រោយពីបាន​ទទួលសេវាថ្នាំប្រឆាំង មេរោគអេដស៏ នាងខ្ញុំបានយក​ចិត្តទុក ដាក់​ក្នុង​ការ​លេបថ្នាំ ថែទាំ​សុខភាព និង បង្កើត​មុខ​របរ​​ឡើងវិញដើម្បីទ្រទ្រង់​ជីវភាពរស់នៅ។ នៅក្នុងឆ្នាំ២០១៣នេះ នាងខ្ញុំមាន​​សុខភាព​ល្អ​ប្រសើ​រ​​ច្រើនជាង​មុន ហើយ ការប្រកបមុខ​របរ​លក់ដូរ​នៅក្នុងផ្ទះ​ក៏មាន​ការ​រីក​ចម្រើនផងដែរ​ អាចរកចំណូលបានខ្លះដើម្បីទប់នឹងជីវភាពប្រចាំថ្ងៃ។ ​​ឥឡូវនេះ​អ្នកភូមិនាងខ្ញុំមិនមានការ​រើស​អើង​ដល់​គ្រួសារ​របស់នាង​ខ្ញុំដូចពីមុនទៀតទេ ។​ បងស្រីបាន​បន្ត​ទាំងមានសេចក្តី​សង្ឃឹមយ៉ាង​មុត​មាំថា​​ អនាគតនាពេលឆាប់ៗខាងមុខនេះ​ ​​​​បើមាន​ថ្នាំ​អាច​ព្យាបាល​ឲ្យជាសះ​ស្បើយបាន នាងខ្ញុំនិងស្វាមី​ព្រម​​ទាំង​កូនទាំង២ នឹងមានជីវិតរស់នៅ​បាន​យូរដើម្បីថែទាំ​កូន ហើយ​កូន​​របស់នាង​ខ្ញុំ​មាន​សុខ​ភាពល្អនិងមានឪកាស ច្រើនទៅ​សិក្សា​​និងមានអនាគតល្អ។

 

Bookmark the permalink.

Comments are closed